ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងពិធីទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារពីក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ចុងភៅ សេង ហុកហេង បានចូលរួមចម្អិននូវមុខម្ហូបយ៉ាងឈ្ងុយឆ្ងាញ់ប្រមាណជាង ២ ៥០០កញ្ចប់ ដោយគិតក្នុងតម្លៃពិសេសសមរម្យ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជាចំណែករំលែកភាពនឿយហត់ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ អាណាព្យាបាលមើលថែអ្នកជំងឺ និងកុមារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ)។

ពិធីសំណេះសំណាល និងទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារពីក្រុមហ៊ុន ជីប ម៉ុង នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

បន្ទាប់ពីពិធីសំណេះសំណាល និងទទួលថវិកាបរិច្ចាគរួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតពេលសួរសុខទុក្ខទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងថែមទាំងបាននាំយកម្ហូបអាហារចម្អិនដោយក្រុមការងារចុងភៅ សេង ហុកហេង រួមជាមួយទឹកពិសាកម្ពុជា ចែកជូនដល់ អាណាព្យាបាលមើលថែអ្នកជំងឺ កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ជាមួយនឹងសារត្រឡប់មកវិញរបស់កុមារ និងអាណាព្យាបាល ប្រកបដោយស្នាមញញឺម និងក្តីសង្ឃឹម សម្រាប់ការយកចិត្តទុកដាក់នេះ។

សូមជម្រាបថា សេវាកម្មម្ហូបអាហាររបស់ ចុងភៅ សេង ហុកហេង គឺជាក្រុមចុងភៅដ៏មានប្រជាប្រិយភាព និងទទួលការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងលក្ខណៈស្តង់ដា ធានាបាននូវសុវត្ថិភាពចំណីអាហារ គុណភាពសេវាកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត សម្រាប់គ្រប់កម្មវិធីរបស់អតិថិជនរបស់ខ្លួន។ ភាពប៉ិនប្រសប់ គំនិតច្នៃប្រឌិត ភាពបត់បែនបានគ្រប់កាលៈទេសៈ និងវិវឌ្ឍនភាព តាមគ្រប់សម័យកាល ត្រូវបានម្ចាស់កម្មវិធី គ្រប់ស្រទាប់វណ្ណៈ សម្រេចចិត្តជ្រើសរើស និងកក់ចុងភៅ សេង ហុកហេង ទុកគ្មានលោះថ្ងៃ៕







