ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សាងសង់បានប្រមាណ៤៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ដែលជាស្ពានអាកាសមួយក្នុងចំណោមស្ពានអាកាសទាំង៩នៅក្នុងរាជធានីភ្នំពេញ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៤៥%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។

បានបន្តថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ស្ពានអាកាសនេះជាស្ពានទី៩ ក្នុងចំណោមស្ពានអាកាសទាំង៩នៅរាជធានីភ្នំពេញ ដែលបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕