ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICAបានបញ្ជាក់ឡើងវិញជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងដែលមានទំហំទឹកប្រាក់ចំនួន ១១,៧លានដុល្លារ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឱ្យស្ថាប័នមួយនេះប្រសើរឡើង។
ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល រវាងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា និងឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកាលថ្មីៗនេះ។
ក្នុងឱកាសនោះដែរ, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា រួមមាន ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។
ឯកឧត្តម បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោង KOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ។ លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធដែលរួមចំណែកដល់គោលដៅរបស់ សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។
តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការគម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformationក្នុងការគ្រប់គ្រងសាធារណៈ។ គំនិតផ្តួចផ្តើមនេះស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈ ដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។
គួរកត់សម្គាល់ថា KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍន៍គម្រោងចំនួន១១,៧ លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩៕ SL