ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន MIRARTH Holdings របស់ជប៉ុន កំពុងរួមគ្នាជំរុញការនាំចេញផលិតផលកសិកម្មសំខាន់ៗ ចំនួន៣មុខ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន។
នេះបើយោងតាមជំនួបពិភក្សាការងាររវាង លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយ លោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH Holdings រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនMIRARTH Holdings នៃប្រទេសជប៉ុន កាលពីចុងសប្តាហ៍។
កិច្ចប្រជុំនេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងទីផ្សារជប៉ុន ក៏ដូចជាបានពិភាក្សាពីគោលបំណងរបស់ក្រុមហ៊ុន MIRARTH Holdings ក្នុងការសហការជាមួយកម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ដើម្បីជំរុញផលិតផលការនាំចេញសក្ដានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មសំខាន់ៗ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុនMIRARTH Holdings ពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក លើកកម្ពស់ខ្សែច្រវាក់តម្លៃនៃផលិតផលកម្ពុជា សំដៅបង្កើតឱកាសការងារក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន MIRARTH Holdings ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ជាពិសេសលើគុណភាព និងសក្តានុពលនៃផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចគោលដៅរួមក្នុងការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិឱ្យកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ ហ្សាលីន