ផលិតផលក្នុងស្រុក (GDP) សម្រាប់មនុស្សម្នាក់នៅកម្ពុជា បានកើនឡើងដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤ ខណៈនៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាកំណើន ៦.៣%។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សាយចេញកាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។
ប្រភពដដែលបន្តថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤។
គួរបញ្ជាក់ដែរថា បើតាមសេចក្តីជូនដំណឹងខាងលើ រាជរដ្ឋាភិបាល ក៏បានអះអាងទៀតថា ដោយឈរលើមូលដ្ឋានការរីកចម្រើនក្នុង ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៥ ក៏ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ជារួម រដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឆ្លងតាមការវិវឌ្ឍនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ៕ អត្ថបទ៖ ហ្សាលីន