គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានចិន សាងសង់បានជិត ៥០% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់សម្រេចបានលទ្ធផលប្រមាណ៤៨% ហើយ។នេះបើតាមហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានចិន សាងសង់បាន៤៨%ហើយ។សម្តេចបន្តថា តាមរយៈគម្រោងនេះ បានផ្តល់ប្រយោជន៍ដល់កសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។

ពោលគឺ សម្តេចថា ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយក្នុងនោះផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា ជួយបង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា ជាមួយអត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផលចំនួន ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។

សូមជម្រាបជូនដែរថា​ ការងារសំណង់សំខាន់នៅក្នុងគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង  តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ៕ អត្ថបទ៖ ហ្សាលីន