ដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ រោងម៉ាស៊ីនក្នុងស្រុកចំនួន២៥ បានបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ទិញស្រូវពីកសិកររហូតដល់ខែមីនា ឆ្នាំ២០២៥ ក្នុងបរិមាណជាង៤២ម៉ឺនតោន។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា រោងម៉ាស៊ីនក្នុងស្រុកបង្កើនការទិញស្រូវដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដោយក្នុងនោះរោងម៉ាស៊ីនសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ចំនួន ២៥ មានទីតាំងនៅចំនួន ៩ ខេត្ត តាមទិន្នន័យទទួលបាន គ្រោងប្រមូលទិញស្រូវប្រមូលផលរដូវប្រាំងនេះសរុបចំនួន ៤២៦ ៥០០តោនពីខែមករា ដល់ ខែមីនា ២០២៥ ក្នុងនោះគ្រោងទិញចំនួន ១៨៩ ៨៦០តោនពីថ្ងៃ ២៥ មករា ដល់ ៥ កុម្ភៈ ២០២៥។
លោកបន្តថា ក្រៅពីរោងម៉ាស៊ីនទាំង២៥ខាងលើនេះ ក៏មានរោងម៉ាស៊ីនជាច្រើនទៀតក៏កំពុងប្រមូលទិញស្រូវប្រាំងពីកសិករផងដែរ។ លោកបញ្ជាក់ថា ស្រូវដែលប្រមូលទិញមាន ស្រូវស្រងែស្រាល សែនក្រអូប OM5451 និងស្រូវ IR។
សូមជម្រាបជូនថា សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជាច្រើនកំពុងសហការជាមួយក្រសួងកសិកម្ម សម្រុកទិញស្រូវពីប្រជាកសិករ ស្របពលដែលកសិករជួបនូវបញ្ហាធ្លាក់ថ្លៃស្រូវ OM5451 ដែលជាប្រភេទស្រូវវៀតណាម។ ទាក់ទងបញ្ហានេះ ក្រសួងកសិកម្ម ក៏បានស្នើឱ្យរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញផងដែរ ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត ខណៈក្រសួងកសិកម្មក៏បានប្តេជ្ញានឹងជួយជំរុញឱ្យមានការសហការសម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ ដើម្បីធានានិរន្តរភាពវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ៕