កម្ពុជាស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកឱ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ក្រៅពីភ្នំពេញ ដែលមានសៀមរាប និងព្រះសីហនុ ជាដើម។

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Mohammed Al Qassim Country Manager របស់ក្រុមហ៊ុន Emirates Airline កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airlineបានស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីទេសចរណ៍ ក៏បានឯកភាពក្នុងការចុះ MOU និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ តួយ៉ាងស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនEmirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline មានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ក្រុមហ៊ុន Emirates Airline គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ និងល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ក្រុមហ៊ុននេះចាប់ហោះហើរត្រឡប់មកទីក្រុងភ្នំពេញវិញកាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយបានផ្អាកកាលពីឆ្នាំ២០២១ ជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី៕

