ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានជាង១៨លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង។

យានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង បានត្រូវចុះបញ្ជីនៅឆ្នាំ២០២៤ ដែលកើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿងព្រមទាំងបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង។

នៅក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕