អ្នកជំនាញ៖ ការកុម៉្មង់ជ្រូកខ្វៃសម្រាប់ថ្ងៃសែនចូលឆ្នាំចិន-វៀតណាមមិនគគ្រឹកគគ្រេងដូចឆ្នាំមុនៗ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វ បានសង្កេតឃើញថា នៅឆ្នាំ២០២៥នេះ ការកុម្ម៉ង់ជ្រូកខ្វៃសម្រាប់ថ្ងៃសែនចូលឆ្នាំចិន វៀតណាម ដែលនឹងចូលមកដល់នៅថ្ងៃទី២៨ខែមករានេះ មិនមានសកម្មភាពគគ្រឹកគគ្រេងខ្លាំងក្លាដូចទៅនិងឆ្នាំមុនៗនោះទេ ហើយម្យ៉ាងទៀត តម្លៃជ្រូករស់មានការប្រែប្រួលតិចតួចនៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ការកុម្ម៉ង់ជ្រូកខ្វៃសម្រាប់ថ្ងៃសែនចូលឆ្នាំចិន វៀតណាមឆ្នាំនេះមានសភាពស្ងប់ស្ងាត់ មិនគគ្រឹកគគ្រេងខ្លាំងដូចឆ្នាំមុនៗនោះទេ ហើយការស្ងប់ស្ងាត់នេះមិនមែនដោយសារសេដ្ឋកិច្ចគ្រួសារនោះទេ គឺពលរដ្ឋចាប់ផ្តើមយល់មិនខ្ជះខ្ជាយ និងការរៀបចំមិនមានលក្ខណៈទ្រង់ទ្រាយធំដូចឆ្នាំកន្លងទៅ។

បើតាមប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាខាងលើ, ក្រៅពីបានមើលឃើញការកុម្ម៉ងជ្រូកខ្វៃរបស់ប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន ហាក់មានសភាពស្ងប់ស្ងាត់ តម្លៃជ្រូកសម្រាប់ខ្វៃនៅលើទីផ្សារនៅឆ្នាំនេះមានការកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនិងតម្លៃជ្រូករស់នៅថ្ងៃធម្មតា។ តួយ៉ាងជ្រូករស់មុនថ្ងៃសែនចូលឆ្នាំ មួយសប្តាហ៍មានតម្លៃ៨៨០០រៀលក្នុងមួយគីឡូក្រាម តែមកដល់ពេលនេះមានតម្លៃ៩២០០ទៅ៩៣០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ទាក់ទងតម្លៃជ្រូកនេះតើក្រោយពិធីបុណ្យចូលឆ្នាំចិន-វៀតណាមចប់ផុតទៅ អាចនឹងធ្លាក់ថ្លៃវិញដែរទេ? លោក លី ឡាវីល មានប្រសាសន៍ថា “បើតាមខ្ញុំនៅក្នុងវិស័យចិញ្ចឹមសត្វ ជាទូទៅចាប់ពីខែចូលឆ្នាំចិន វៀតណាមចប់ផុតទៅ តម្លៃជ្រូករស់អាចនឹងចាប់ផ្តើមឡើងថ្លៃជាសន្សឹមៗចាប់ពីខែកុម្ភៈរហូតដល់ខែមេសា ហើយបើតម្លៃធ្លាក់មកវិញ លើកលែងតែមានការនាំចូលពីក្រៅប្រទេសយកមកផ្គត់ផ្គង់លើសពីតម្រូវការ តែបើសិនមិនមានការនាំចូលទេ នោះតម្លៃជ្រូកវានឹងកើនឡើងក្នុងមួយខែបន្តិចម្តងៗពីរង្វង់៥ភាគរយទៅ១០ភាគរយ ផ្អែកទៅលើតម្រូវការជាក់ស្តែង”៕SL