លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ ខណៈភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងបែបនេះនៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ ក្រុងព្រះសីហនុ។
នាឱកាសនោះ លោក ហួត ហាក់ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរបែបធ្វើឱ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព មានស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែកប្រមាណជា ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
លោកបន្តថា ការដាក់ចេញផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានផែនការជាក់លាក់ និងយុទ្ធនាការជាច្រើនជួយជំរុញសន្ទុះវិស័យទេសចរណ៍សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៤លាននាក់។
សូមបញ្ជាក់ថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ប្រទេសកម្ពុជាមានខេត្ត ៤ ដែលជាប់មាត់សមុទ្រ រួមមាន កោះកុង ព្រះសីហនុ កំពត និងកែប ឆ្នេរនៅតាមបណ្តាខេត្តនីមួយៗសុទ្ធតែមានសក្តានុពលរៀងៗខ្លួន។
ដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កម្ពុជាក៏បានដាក់ផែនការអភិវឌ្ឍន៍ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀងសេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន៕