នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់។
នាឱកាសនោះ លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុនប៉ូឡូញ LipCo Foods បានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុនខាងលើ ក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។បន្ថែមពីនេះ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកនាយកប្រតិបត្តិបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័សថែមទៀត។
ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍បំណងរបស់ក្រុមហ៊ុន ខណៈលោកថា ទាក់ទងនឹងកិច្ចការងារវិនិយោគ គឺរាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។
លោកបានអះអាងទៀតថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអ៉ឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយជុំវិញការវិនិយោគផងដែរ៕ អត្ថបទ៖ ហ្សាលីន