អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា និងអភិបាលខេត្តត្រាត នៃប្រទេសថៃ កាលរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីប្តេជ្ញាជំរុញវិស័យទេសចរណ៍រវាងខេត្តទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។
នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូខេត្តត្រាត ប្រទេសថៃ ដែលបានមកកាន់ខេត្តព្រះសីហនុ ខណៈលោកក៏បានបង្ហាញពីសក្តានុពលខេត្តព្រះសីហនុ ថាគឺខេត្តមូលដ្ឋានគ្រិះអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាគោលដៅឧស្សាហកម្ម ទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធិនាមថា ជាតារារះនាទិសនារតី។
ចំពោះសក្តានុពលផ្លូវគមនាគមន៍វិញ លោកថា ខេត្តនេះ មានកំពង់ផែ៣ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិ មានការហោះហើរក្នុងស្រុក ក្រៅស្រុក វៀតណាម ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន នឹងសង្ឃឹមថា និងមានការហោះ ហើរឆាប់ព្រះសីហនុ បាងកក ផ្លូវដែក ១ខ្សែ ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន មានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើការ។ លោកអះអាងថា ការយកចិត្តទុកនេះ គឺដើម្បីសម្រេចគោលដៅជំរុញការផ្លាស់ប្តូរទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ មានកម្ពុជា ថៃ និងវៀតណាម។
ជុំវិញរឿងនេះ លោក ណាថាភុន សានគ័ងឆីត អភិបាលខេត្តត្រាត នៃប្រទេសថៃ បានលើកឡើងថា ខេត្តត្រាតជាខេត្តមួយទាក់ទងនឹងវិស័យទេសចរណ៍ដែលមានប្រាក់ចំណូលមួយឆ្នាំ ២ម៉ឺនលានបាត ខេត្តត្រាត មានស្រុកចំនួន៧ ប្រជាពលរដ្ឋជាង ២០ម៉ឺននាក់ ហើយគោលបំណងមកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគ្នាជំរុញវិស័យទេសចរណ៍រវាងខេត្តទាំងពីរ ឱ្យស្របតាមកិច្ចព្រមព្រៀងជំរុញវិស័យទេសចរណ៍កម្ពុជា ថៃ និងវៀតណាម កាលពីពេលកន្លងទៅ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះ គណៈប្រតិភូខេត្តត្រាត បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ នឹងរួមចំណែកជួយជំរុញកំណើនលើកកម្ពស់ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ផ្លូវសមុទ្ររវាងកោះក្នុងខេត្តត្រាត និងកោះផ្សេងៗទៀតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រោមក្របខណ្ឌ CVTEC ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕ អត្ថបទ៖ហ្សាលីន