បច្ចុប្បន្ន កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក របស់អ្នកឧកញ៉ា ទ្រី ភាព ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឌិត ទីណា បានថ្លែងថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ លោកបានបញ្ជាក់យ៉ាងលម្អិតថាក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

លោកក៏បានគូសបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។

បើតាមលោករដ្ឋមន្រ្តីកសិកម្ម វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ លោកបានគូសបញ្ជាក់ថាក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕