ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។
អតិថិជនដែលឈ្នះរង្វាន់ធំរដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែលជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញហើយបានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើបទទួលបាននូវរង្វាន់ដុំមាសនេះ។ លោក ពិសិដ្ឋ ព្រមទាំងអតិថិជនជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែលទើបតែបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។
លោក ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថាសេវាកម្មរបស់ធនាគារនេះពិតជាមានភាពងាយស្រួល និងគួរជាទីទុកចិត្តបាន។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺជាកម្មវិធីមួយគួរជាទីចាប់អារម្មណ៍បំផុត ហើយការឈ្នះដុំមាសនេះប្រៀបដូចជាការលើកទឹកចិត្តចំពោះការប្រើប្រាស់សេវាធនាគារជាប្រចាំផងដែរ។ នេះគឺជាបទពិសោធគួរឱ្យចងចាំមួយដែលបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ខ្ញុំចំពោះធនាគារ វីង។”
លោក ពិសិដ្ឋ ដែលប្រើប្រាស់សេវារបស់ធនាគារ វីង ជាប្រចាំមិនថាជាការវេរលុយទៅក្រុមគ្រួសារនៅស្រុកកំណើត ឬក៏ការទូទាត់វិក្កយបត្រទឹក-ភ្លើងជាដើមនោះ បានចាប់អារម្មណ៍ចូលរួមប្រកួតនេះ ដោយសារតែបានឃើញអ្នកឈ្នះដុំមាសរដូវកាលមុនកាលពីខែតុលា ឆ្នាំ២០២៤ ។
ដោយសារតែចង់ឈ្នះរង្វាន់ដុំមាស លោក ពិសិដ្ឋ បានខិតខំរកវីងភ័ញឱ្យបានគ្រប់ចំនួនមុនគេ តាមរយៈការទូទាត់ជាមួយអេប Wing Bank ជារៀងរាល់ថ្ងៃ មិនថាជាការទិញម្ហូបអាហារឱ្យគ្រួសារ ឬក៏ការកុម្ម៉ង់តាម Wingmall នោះឡើយ។
កម្មវិធីប្រកួតយកដុំមាសនេះត្រូវបានបង្កើតឡើង ដើម្បីណែនំាអំពីកម្មវិធីលើកទឹកចិត្តអតិថិជនរបស់ធនាគារ វីង ក៏ដូចជាជំរុញការប្រើប្រាស់អេប Wing Bank ឱ្យបានកាន់តែច្រើនឡើង ដោយតម្រូវឱ្យអ្នកប្រើប្រាស់រកឱ្យបាននូវវីងភ័ញចំនួន ១៥.០០០ មុនគេដើម្បីឈ្នះរង្វាន់ដុំមាសកន្លះគីឡូ។ អតិថិជនអាចប្រមូលបានវីងភ័ញតាមវិធីជាច្រើនដូចជា៖ការទូតទាត់តាម វីង KHQR ការប្រើប្រាស់ Wingmall និងអេប Wing Bank ជាដើម។
វីងភ័ញក៏អាចប្តូរយករង្វាន់ដ៏សន្ធឹកសន្ធាប់ជាង ១០០.០០០ ផលិតផលដែលមាននៅលើអេប Wingmall រួមមាន៖ គ្រឿងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។
លោក Avinash David Bannerjee នាយកផ្នែកគ្រប់គ្រងគុណតម្លៃអតិថិជន នៃធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការកសាងអនាគតមួយដែលការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមិនគ្រាន់តែងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងទទួលបានការលើកទឹកចិត្តទៀតផង។ ហើយកម្មវិធីប្រកួតយកដុំមាសនេះទៀតសោត គឺបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់យើង ដែលរាល់ប្រតិបត្តិការទូទាត់នីមួយៗនឹងរួមចំណែកដល់កំណើនហិរញ្ញវត្ថុអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាព។”
ស្របពេលដែលប្រទេសកម្ពុជាកំពុងតែសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យាឌីជីថល ធនាគារ វីង នៅតែបន្តនាំមុខគេក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់អតិថិជនទាំងអស់។
លោក Avinash David Bannerjee បានបន្ថែមទៀតថា៖ “យើងខ្ញុំពិតជាមានមោទនភាពក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តនានា ក៏ដូចជាភាពនាំមុខគេក្នុងការលើកកម្ពស់ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅទូទាំងប្រទេសកម្ពុជា។”
ធនាគារ វីង នៅតែបន្តខិតខំរកនូវមធ្យោបាយនានាដើម្បីឱ្យអិតិថិជនអាចប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល តាមរយៈការជំរុញទិដ្ឋភាពហិរញ្ញវត្ថុដែលគាំទ្រដោយបច្ចេកវិទ្យា និងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា៕