ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។
នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ភាគីទាំងពីរ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិយោបល់អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំដើម្បីសម្របជាមួយនឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។ ជាងនេះ ភាគីទាំងពីរក៏បង្ហាញនូវសុទិដ្ឋិនិយមថាគម្រោងនៃការរៀបចំបេសកកម្មខាងលើនឹងប្រែក្លាយទៅជាសមិទ្ធផលរូបីសម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីផងដែរ។
សូមជម្រាបជូនផងដែរថា បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ ហ្សាលីន