លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងភាគីពាក់ព័ន្ធ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញវិនិយោគមកខេត្តកំពង់ស្ពឺឱ្យកាន់តែច្រើនថែមទៀត។
លោក ជំរុញបែនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ ក្នុងគោលដៅបំពេញតួនាទីភារកិច្ច ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋ បានគាប់ប្រសើរ និងកាន់តែប្រសើរ។
បន្ថែមលើការបំពេញតួនាទីភារកិច្ច ដើម្បីផ្តល់បម្រើប្រជាពលរដ្ឋ លោក ក៏បានលើកឡើងថា សារៈសំខាន់មួយទៀតនូវក្នុងការសហការគ្នា នោះគឺ ការបង្កបរិយាកាស ដើម្បីទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពង់ស្ពឺ។
ដើម្បីទាក់ទាញអ្នកវិនិយោគ លោកថា អង្គាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយនូវសក្តានុពលនៃទីតាំងភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ ការរៀបចំធនធាមនុស្សប្រកបដោយជំនាញ វិជ្ជាជីវៈ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ ព្រមទាំងការរៀបចំនូវប្រព័ន្ធសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល ឆាប់រហ័ស ដើម្បីសម្រួលឱ្យអ្នកវិនិយោគទាំងអស់ អាចមានលទ្ធភាពកាន់តែច្រើនក្នុងការមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។
សូមរម្លឹកដែរថា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ លោក ជាម ច័ន្ទសោភ័ណ្ឌ ធ្លាប់បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានរោងចក្រថ្មីចំនួន ៣០ បានបើកដំណើរការក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ ៤២៣ រួមជាមួយសហគ្រាសធុនតូច និងមធ្យមជិត ១០០០កន្លែង ដែលមានបុគ្គលិកជាង ២០ម៉ឺននាក់ ជាមួយនឹងការវិនិយោគប្រមាណ ៩០% មកពីប្រទេសចិន៕