ប្រទេសចំនួន១០ ប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ រួមមាន៖ ប្រទេសប៊ុលហ្គារី រ៉ូម៉ានី សាធារណរដ្ឋក្រិក សាធារណរដ្ឋស៊ីប ប៊ែលហ្ស៊ិក ចក្រលុចសំបួ សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ហ្វីលីពីន និងសហភាពអឺរ៉ុប បានប្ដេជ្ញាថា នឹងជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតនៃប្រទេសទាំង១០ ខាងលើ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សាជាមួយប្រទេសខាងលើ គឺផ្តោតលើជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា និងការណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិកមក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក។

ជាងនេះទៀត លោកថា តាមរយៈជំនួបពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

នៅក្នុងជំនួបពិភាក្សាខាងលើ ឯកអគ្គរាជទូតនៃប្រទេសទាំង១០ ខាងលើ ក៏បានញ្ជាក់ពីជំហរនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពិសេសគឺជួយគ្នាផ្សព្វផ្សាយនិងទាក់ទាក់ទេសចរទៅវិញទៅមក ដើម្បីសម្រេចតាមគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

គួរបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចជំនួបនាពេលនោះដែរ ក្រសួងទេសចរណ៍ ក៏ស្នើសុំស្ថានទូតនៃប្រទេសខាងលើចេញជាសារ ឬ វីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា ដើម្បីកុំឱ្យជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏ស្នើឱ្យស្ថានទូតនៅកម្ពុជាទាំងអស់ ជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម)នៅប្រទេសរបស់ខ្លួន ដើម្បីរៀបចំជា Business Matching FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ៕​អត្ថបទ៖ហ្សាលីន