កម្ពុជា-អេស្ប៉ាញ បើកកិច្ចពិភាក្សាគ្នា ដើម្បីស្វែងយល់បច្ចេកទេសសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុន CENTUNION ឯកទេសសាងសង់ស្ពានដែក មកពីអេស្ប៉ាញ ដើម្បីស្វែងយល់បទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធនឹងការសាងសង់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំ កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន CENTUNION មកពីប្រទេសអេស្ប៉ាញ ដែលមានឯកទេសក្នុងការសាងសង់ស្ពានដែក ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាន និងតំណាងអគ្គនាយកដ្ឋានសាធារណការ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួន។

លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់សំណង់អំពីគ្រឿងបង្គុំដែក ​ដើម្បីជំរុញការអភិវឌ្ឍន៍ដំណើរការសាងសង់សំណង់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឱ្យកាន់តែមានគុណភាពស្តង់ដារ រឹងមាំ។

សូមបញ្ជាក់ដែរថា ក្រៅពីមានឯកទេសសាងសង់ស្ពានដែក ក្រុមហ៊ុន CENTUNION ក៏ជាក្រុមហ៊ុនឈានមុខមួយមកពីប្រទេសអេស្ប៉ាញ ហើយក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងទ្វេភាគី ដែលផ្ដល់ហិរញ្ញប្បទានដោយប្រទេសអេស្ប៉ាញ ក្នុងនោះក្រុមហ៊ុនកំពុងមានសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ដូចជា ប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងហ្វីលីពីន ផងដែរ៕​អត្ថបទ៖ ហ្សាលីន