កម្ពុជា ដាក់ឱ្យអនុវត្តប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី​ ​ នេត​ សាវឿន​ តំណាងសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧបនាយករដ្ឋមន្ត្រី​ ​ នេត​ សាវឿន​ បានឱ្យដឹងថា ថ្នាលឌីជីថល ឬប្រព័ន្ធសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា ការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត គឺស្ថិតក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជារាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ។

សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានចាត់ទុក ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍។

ជាងនេះទៀត រាជរដ្ឋាភិបាល បានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច ជាអាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស។

បើតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេលមួយឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស អញ្ជើញចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក។ ចំនួនភ្ញៀវទេសចរបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៤នេះដែរ គឺមានការកើនឡើងជាង ២៨% បើធៀបឆ្នាំ ២០២៣ មានតែ៧៩៨ ០៦៩នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ហ្សាលីន