សហគមន៍មៀនស្រស់ក្នុងខេត្តចំនួនពីរ នឹងទទួលបានការដោះស្រាយបញ្ហាមួយចំនួនពីក្រសួងកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ២០នាក់ ស្ថិតនៅភូមិអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានលើកឡើងនូវបញ្ហាប្រឈមដែលក្រុមហ៊ុន សហគមន៍ ក៏ដូចជាកសិករកំពុងជួបប្រទះដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបសំណេះសំណាលរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥  ម្ចាស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ៥០នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានលើកនូវបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ជា ប្រមូលទិញ និងមានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។

ចំណែកឯម្ចាស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត និងតំណាងសហគមន៍ ម្ចាស់ចំការ ប្រមាណ២០នាក់ទៀត នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានលើកឡើងពីបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលា និងធ្វើឱ្យមានការខូចខាតច្រើន។ និយាយជារួមពួកគាត់ ស្នើសុំស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ផងដែរ។

តបតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន សហគមន៍ និងប្រជាកសិករ លោករដ្ឋមន្ត្រីកសិកម្ម បានទទួលនូវសំណើ ក្នុងការជួយរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកមន្ត្រី ក៏បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចំការ ត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមហ៊ុន ហើយត្រូវធ្វើកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នា និងស្របតាមស្តង់ដារដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកក៏បានគូសបញ្ជាក់ថា ករណីក្រុមហ៊ុន ឬម្ចាស់ចំការ ត្រូវការកម្លាំងពលកម្មជួយបេះមៀន ក្រសួងកសិកម្ម នឹងធ្វើកិច្ចសហការជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់កងកម្លាំងទាហានដល់ក្រុមហ៊ុន សហគមន៍ និងម្ចាស់ចំការ ឱ្យជួយបង្រៀនកងកម្លាំងទាំងនោះ ឱ្យចេះប្រមូលផល ដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលចែកចាយមៀនស្រស់ និងដំណាប់មៀនសម្ងួត នៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ផងដែរ។

សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានជាង៣២លានដុល្លារពីការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៤០% បើធៀបនឹងតម្លៃនាំចេញកាលពីឆ្នាំ២០២៣៕