គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្រោមហិរញ្ញប្បទានកូរ៉េ នឹងបញ្ចប់សាងសង់ នាខែតុលា ខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សាងសង់បាន ៩២ ភាគរយហើយ ខណៈការងារសំខាន់ៗដែលសម្រេចបាននៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទំនប់អាចបស្តុកបរិមាណសរុប ១៦៣.១លានម៉ែត្រគូប (ដោយក្នុងនោះ៖ ប្រសិទ្ធភាព ១៣៣.២លានម៉ែត្រគូប Inactive ១៤.៣លានម៉ែត្រគូប និងដោះទឹកជំនន់១៥.៦លានម៉ែត្រគូប)។

ទំនប់នេះ ក៏អាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។ ជាងនេះទៀត បរិមាណធារទឹកអតិបរមាចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។

ជាក់ស្តែង លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ដោយឡែក លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។ លើសពីនេះ គម្រោងទំបន់នេះ ក៏នឹងរួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕ អត្ថបទ៖ ហ្សាលីន