IMF ព្យាករ GDP របស់កម្ពុជាកើន៥,៨ភាគរយ ក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករថានឹងមានកំណើនក្នុងអត្រា ៥,៨ភាគរយនៅឆ្នាំ២០២៥ ។កំណើននេះបានត្រូវជំរុញដោយការនាំចេញដ៏រឹងមាំ ជាពិសេសក្នុងវិស័យកាត់ដេរ និងកសិកម្ម។ តែទន្ទឹមគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានអំពីបញ្ហាប្រឈមសំខាន់ៗដែលកំពុងប្រឈមមុខ ហើយស្នើឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង ពង្រឹងអភិបាលកិច្ច កែលម្អតម្លាភាព និងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករក្នុងអត្រា ៥,៨ភាគរយនៅឆ្នាំ២០២៥ ប៉ុន្តែក៏បានព្រមានពីការធ្លាក់ចុះដែលអាចកើតមាន។ ដើម្បីដោះស្រាយបញ្ហានេះ ស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពីការពង្រឹងក្របខណ្ឌសារពើពន្ធ ការកែលម្អអភិបាលកិច្ច ការប្រកួតប្រជែង និងតម្លាភាពក៏ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ គឺជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

IMF បានព្យាករផលិតផលក្នុងស្រុកសរុបពិតប្រាកដ (GDP) នឹងកើនឡើងពី ៥,៥ភាគរយ ក្នុងឆ្នាំ២០២៤ ដល់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៥ ហើយអតិផរណានឹងកើនឡើងពី ០,៥ភាគរយ ក្នុងឆ្នាំ២០២៤ ដល់២ភាគរយ ក្នុងឆ្នាំ២០២៥ ហើយនៅតែបន្តទៀត។

គួរឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងវិញ ទោះបីជាមានល្បឿនយឺតក៏ដោយ។ កំណើន GDP នឹងត្រូវបានជំរុញជាចម្បងដោយតម្រូវការពីខាងក្រៅ ជាមួយនឹងការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃការនាំចេញសម្លៀកបំពាក់ និងកំណើនខ្ពស់នៃការនាំចេញកសិផល។

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចមានភាពងាយរងគ្រោះទៅនឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចដែលអាចរំខានដល់ពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI) និងភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

វិស័យសំណង់ និងអចលនទ្រព្យកំពុងស្ថិតក្នុងការកែតម្រូវ ជាមួយនឹងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ សញ្ញាលេចឡើងនៃបំណុលរបស់វិស័យឯកជន និងការធ្លាក់ចុះគុណភាពឥណទាន និងលំហូរ FDI។

របាយការណ៍នេះ ក៏បានឱ្យដឹងថា ការផ្តាច់ខ្លួនពីស្ថានភាពប្រទេសមានការអភិវឌ្ឍតិចបំផុត (LDC) របស់កម្ពុជានៅឆ្នាំ២០២៧-២០៣០ នឹងធ្វើឱ្យបាត់បង់ការអនុគ្រោះលើការនាំចេញផងដែរ៕