ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភចំពោះកំណើនយ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នាជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើមនោះ ការផ្តួចផ្តើមឱ្យមានដំណើរការពិគ្រោះយោបល់បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង សម្របសម្រួលឱ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា បង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹង វិស័យធនាគារនិងហិរញ្ញវត្ថុ។
កិច្ចសន្ទនាតាមក្រុមនីមួយៗ និងកិច្ចប្រជុំបច្ចេកទេសជាមួយពហុភាគីពាក់ព័ន្ធ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមពិគ្រោះយោបល់ពីតំណាងក្រុម និងស្ថាប័នចំនួន ជាង ១០០ ផ្សេងគ្នា រួមមាន៖ តំណាងមកពីរាជរដ្ឋាភិបាល និយ័តករ ស្ថាប័ននិងសមាគមវិជ្ជាជីវៈធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២ សកម្មភាពអាទិភាពចំនួន៤ ត្រូវបានអនុវត្តបាន ទាំងស្រុង សកម្មភាពអាទិភាពចំនួន១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពអាទិភាពមានដូចជាការពង្រឹងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងការរៀបចំឥណទានឡើងវិញ ជាដើម។