ក្រុមហ៊ុនជប៉ុន បង្ហាញឆន្ទៈចង់វិនិយោគលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុន Nippon Koei Business បានមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅកម្ពុជា និងបានបង្ហាញនូវគោលបំណងវិនិយោគលើ ការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន បានឱ្យដឹងថា៖ ក្រុមហ៊ុនចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ(គោ)។

លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូជប៉ុនពីសក្តានុពលរបស់វិស័យ ស្វាយចន្ទីនៅកម្ពុជា និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។

លោក បានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»៕