ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៤០ម៉ឺនដុល្លារ ជួយស្តារប្រព័ន្ធធារាសាស្ត្រ និងសង់ស្ពាននៅខេត្តចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤៤៦,៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន ក្នុងខេត្តចំនួន៣របស់ប្រទេសកម្ពុជា គឺខេត្តតាកែវ, កំពង់ធំ និងសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងចំនួន៣រួមមាន៖

ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ។គម្រោងនេះ រំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។

ទី២៖ គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

និងទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលឃុំខ្វាវ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។

សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕ អត្ថបទ៖ ហ្សាលីន