លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបចំស្តង់លក់ម្ហូបអាហារ ប្រគំតន្ត្រី នៅគម្រោងផ្លូវថ្មើរជើង (walk street)ដល់ភ្ញៀវជាតិ និងអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយពីគម្រោងផ្លូវថ្មើរជើង (walk street) បានដាក់ដំណើរការសាកល្បងជាលើកដំបូងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈរដ្ឋបាលរាជធានីភ្នំពេញក៏បង្ហាញពីគម្រោងរៀបចំស្តង់លក់ម្ហូបអាហារ ការប្រគំតន្ត្រី សម័យ បុរណ ការគូរគំនូរ បម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ដោយយកកំណាត់ផ្លូវព្រះស៊ីសុវត្ថិធ្វើជាគោលដៅផ្ទាល់តែម្តង។

ក្នុងដំណើរការចុះត្រួតពិនិត្យទីតាំងគម្រោងផ្លូវថ្មើរជើងថ្មីនេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូធាមួយកំរិតហើយ។

ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើង (walk street) នេះ លោកអភិបាលរាជធានីថារដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គម្រោងនេះ ត្រូវបានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ។

លោកបានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកំសាន្តនៅទីនេះ រួមមាន ទាំងទីតាំង ស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ។

លោកបានបន្ថែមថា រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយដើម្បីជាជម្រើសឲ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ។

បើតាមលោកអភិបាលរាជធានីភ្នំពេញ សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់មកទស្សនា ក៏ដូចជា ការដើរលេងកំសាន្ត ការហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមបងប្អូនកុំប្រើប្រាស់យានជំនិះខ្លួនឯង បងប្អូនអាចប្រើប្រាស់ ជាម៉ូតូកង់បីឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕