ប្រមុខរារដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។
ការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដែលផ្សាយចេញនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនេះ សម្តេចធិបតី បានបញ្ជាក់ថា ស្របតាមទិសស្លោក «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» និងអនុលោមតាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី បានបន្តថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យរួមគ្នាលើកកម្ពស់ភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញនិងផ្តល់ ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា”។
តាមរយៈសារាចរខាងលើ រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ដែលរួមចំណែកដល់ការបង្កើតការងារ ឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕អត្ថបទ៖ ហ្សាលីន