ក្រសួងអប់រំ ប្រកាសឱ្យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញ បន្ទាប់ពីក្រសួងបានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសមួយរយៈមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងនឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយនឹងរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សាកាលពី ២០២៣-២០២៤។ ទន្ទឹមគ្នានេះ ក្រសួង នឹងចេញសេចក្តីណែនាំពីបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នាពេលខាងមុខ។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។

យ៉ាងណាមិញ ការសម្រេចបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញ នាពេលនេះ ក្រសួងអះអាងថា គឺធ្វើឡើងដោយយោងតាម អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ហ្សាលីន