កម្ពុជា នៅតែបើកចំហរទ្វារស្វាគមន៍ដល់អ្នកវិនិយោគដែលចង់វិនិយោគលើវិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជានៅតែបន្តបើកទ្វារទទួលស្វាគមន៍ដល់បណ្តាអ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម។ នេះជាការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ឌិត ទីណា បានស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លោកក៏បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។

លោករដ្ឋមន្រ្តីកសិកម្មក៏បានគូសបញ្ជាក់ថា «កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់»។

សូមជម្រាបជូនថា កសិកម្ម គឺជាវិស័យអាទិភាពដ៏​សំខាន់​​មួយ​របស់​កម្ពុជា​ដែល​​ចូល​រួម​ចំណែក​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ធានាសន្តិសុខ​ស្បៀង​ ​បង្កើត​ឱកាសការងារ និងប្រាក់​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​​ការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​​។

ការ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម គឺ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ជា​ពិសេស​លើ​ការ​កែច្នៃ​ផលិតផល​ប្រកប​ដោយ​គុណភាព​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕