ផ្លូវកោះកុង នៅសល់តែ១៧ភាគរយទៀតទេ បញ្ចប់ជាស្ថាពរហើយ

សង្គម​ និង​សេដ្ឋកិច្ច

កោះកុង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដោយមានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា៖ផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨,០៣ គ.ម (PK០០០+០០០ – PK១៤៨+០៣៨) ជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ខណៈបច្ចុប្បន្ននេះសម្រេចការសាងសង់បាន ៨៣,១២%។

ផ្លូវនេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ហើយខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕