ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ នឹងវិលមកវិញចុងឆ្នាំ២០២៥នេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានឱ្យដឹងថា កម្ពុជាត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានឱ្យដឹងបែបនេះនៅក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក ថោង ខុន បានជម្រាបសម្តេចធិបតីថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់  សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានជម្រាបជូនសម្ដេចធិបតីផងដែរអំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។ 

ជាការឆ្លើយតប សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់។

សម្ដេចធិបតីបានសង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុតដែលចងក្រងអំពីយុទ្ធគុនដូនតាខ្មែរ។

ពាក់ព័ន្ធការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតាខ្មែរយើង។

សូមជម្រាបជូនផងដែរថា កម្ពុជាបានរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ កាលពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនីចូលរួមជាង ៤០០នាក់ ដោយឡែកអ្នកចូលទស្សនាផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) និងតាមអនឡាញ សរុបជិត ៥លាននាក់៕