CDC កំពុងពិនិត្យសំណើសុំចុះបញ្ជីគម្រោងថ្មីក្រោមទុនវិនិយោគ ១៣៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគ ១៣៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

បើតាម CDC សំណើសុំចុះបញ្ជីគម្រោងវិនិយោគទាំង១២នេះ រួមមាន៖ ទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែង។

គម្រោងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់) ដោយបានបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង៕ អត្ថបទ៖ហ្សាលីន