ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនខ្នាតយក្សមួយរបស់ជប៉ុន គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារអាម៉េរិកទៀត ដើម្បីវិនិយោគនៅកម្ពុជា។
នេះបើតាមរយៈជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបខាងលើនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិក ដែលក្រុមហ៊ុន Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារអាម៉េរិកទៀត។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ ហើយដែលបច្ចុប្បន្នបានបង្កើនដើមទុនវិនិយោគរហូតដល់ជាង ៧០០លានដុល្លារអាម៉េរិក។
ក្រុមហ៊ុន Minebea Cambodia វិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ៕