ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យធនាគារពិភពលោក ជួយគាំទ្រវិស័យភស្តុភារកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ស៊ុន ចាន់ថុល បានជំរុញទៅកាន់ធនាគារពិភពលោកឱ្យជួយគាំទ្រ និងធ្វើឱ្យប្រសើរឡើងនៅវិស័យភស្តុភារកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំរុញបែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពី វិ ធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (Logistic Performance Index – LPI)” កាលពីរសៀលថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ គឺដើម្បីដឹងវិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម និងជាការផ្លាស់ប្តូររវាងកម្ពុជា និងធនាគារពិភពលោក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ឱ្យបានចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅក្នុងការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយផងដែរ។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) បានវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញរបស់អ្នកជំនាញនៃធនាគារពិភពលោក ក្នុងការកំណត់ក្របខ័ណ្ឌ និងគោលនយោបាយពាក់ព័ន្ធនានា ឱ្យស្របទៅតាមនិន្នាការនៃការកំណត់ LPI ជាសកល។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើទៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការបន្ថែមទៀត និងបានស្នើសុំការគាំទ្រពីសំណាក់ធនាគារពិភពលោក ជុំវិញការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា ក៏បានបង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ ដែលពោរពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់៕ អត្ថបទ៖ ហ្សាលីន