ដើមខែដំបូងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ៦៥ ក្រោមទុនជាង៧០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារអាម៉េរិក ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣០០%។ ដែលគម្រោងវិនិយោគទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់។

សូមជម្រាបជូនថា ទុនវិនិយោគប្រទេសចិនស្ថិតលេខរៀងទី១រួមចំណែកប្រមាណ ៧៣,៣៥%, ខណៈកម្ពុជាលេខ២ មានប្រមាណ ១៣,១៧% វៀតណាម ៥,៥២% និងប្រទេសផ្សេងទៀត។ ដោយឡែក រាជធានី ខេត្ត ដែលទទួលបានគម្រោងរួមមាន កំពង់ស្ពឺ ១៩គម្រោង, ស្វាយរៀង១៣, ភ្នំពេញ១០, ព្រះសីហនុ៩, កោះកុង៨, តាកែវ៤, កណ្តាល កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ឆ្នាំង ទទួលបាន១គម្រោង៕