រោងចក្រម៉ូតូ របស់ក្រុមហ៊ុន អិន ស៊ី អិច (NCX) ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសមត្ថភាពតំឡើងម៉ូតូរហូត ១៥០០គ្រឿងក្នុងមួយថ្ងៃ ដើម្បីចែកចាយទីផ្សារនៅកម្ពុជា និងនៅក្រៅប្រទេស។
នេះបើយោងដំណើរអញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្តេចធិបតី បានបញ្ជាក់នៅលើហ្វេសប៊ុកបន្ថែមថា រោងចក្របានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។
សម្តេចបន្តថា បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ជាមួយគ្នាន នៅឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។
ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះដែរ សម្តេចថា ក្រុមហ៊ុន ក៏បានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិកផងដែរ ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩៕អត្ថបទ៖ ហ្សាលីន