នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ មន្ដ្រីជាន់ខ្ពស់ នៃអាកាសចរស៊ីវិលកម្ពុជា បានចុះពិនិត្យមើលគម្រោងស្ថាបនាអាកាសយានដ្ឋានអន្ដរជាតិថ្មីសៀមរាបអង្គរ ដែលបានចាប់ផ្ដើមសាងសង់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមក។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលកម្ពុជា មានប្រសាសន៍ថា បើទោះបីកម្ពុជា ក៏ដូចជាសកលលោកបានជួបវិបត្ដិកូវីដ-១៩ក្ដី ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទីកដីអង្គរខេត្ដសៀមរាប បានដំណើរការជាធម្មតា ពោលក្រុមការងារមមាញឹកខ្លាំងដើម្បីអោយការអភិវឌ្ឍនោះទទួលបាននូវលទ្ធផលល្អ។
ឯកឧត្ដមបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន AIAI(Angkor International Airport Investment) បានសាងសង់សម្រេចគម្រោងរួមបានជាង៣០%ហើយ ក្នុងនោះមានគម្រោងចំនួន៣ធំរួម មានសង់សំណង់អាគារ, សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន។
ឯកឧត្ដម បានបន្តថា ក្រុមហ៊ុនវិនីយោគចិននោះ បានបង្កើនការងាទាំងយប់ទាំងថ្ងៃ ដើម្បីអោយសម្រេចគោលដៅដូចអ្វីដែលកម្ពុជាបានគ្រោងទុក ខណ:ដែលគម្រោងសាងសង់អាកាសយដ្ឋាននេះ គ្រោងនឹងបញ្ចប់ទាំងស្រុង និងដាក់អោយដំណើរការនៅឆ្នាំ២០២៣ខាងមុខ។ឯកឧត្ដមបន្ដទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋាននេះអនុវត្ដការងារមានគុណភាពល្អ និងមានភាពល្បីល្បាយលំដាប់ពិភពលោក ទើបកម្ពុជាមានភាពជឿងជាក់ និងអាចនឹងសម្រេចតាមគោលដៅកំណត់។
សូមបញ្ជាក់ផងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនោះ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគមខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០នេះ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣ឆ្នាំ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្ល៕