កម្ពុជា និងជប៉ុន បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម សំដៅបង្កើនសមត្ថភាពផលិតកម្មគុណភាពស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុនឱ្យកាន់តែខ្លាំងឡើង។
នេះបើយោងតាមជំនួបពិភាក្សាការងារវាង លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំជប៉ុនចំនួន៣ស្ថាប័នរួមមាន លោក Iwao Nobuyuki ប្រធានគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន (Commissioner of the Cabinet Legislation Bureau), លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងលោក Atsumi Gamo ប្រធានអង្គការទេសចរណ៍ជាតិជប៉ុន (JNTO)នាប្រទេសជប៉ុន។
ក្នុងជំនួបនោះ កម្ពុជា-ជប៉ុន បានពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះ ភាគីទាំងពី ក៏បានផ្លាស់ប្តូរ យោបល់អំពីការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបានពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO មានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មី។
ជាងនេះទៀត ប្រទេសទាងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម, ការបណ្តុះបណ្តាលពលករជំនាញ, ការជំរុញធុរកិច្ចថ្មី, និងយន្តការលើកទឹកចិត្តនានា។ល។ ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីជប៉ុន ក៏បានចែករំលែកបទពិសោធពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រហូតក្លាយជាវិស័យដ៏មានសក្តានុពល និងជាជន្ទល់សេដ្ឋកិច្ចទី២ របស់ជប៉ុន។ បន្ទាប់ពីនេះ កម្ពុជា-ជប៉ុន ក៏បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជារួម ហើយបានផ្តោតទៅលើបញ្ហានៅកម្ពុជា ព្រមទាំងរកដំណោះស្រាយបញ្ហានៅក្នុងវិស័យនេះ ដើម្បីជំរុញកំណើនទេសចរជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕អត្ថបទ៖ ហ្សាលី