រដ្ឋាភិបាលចិន ប្រកាសផ្តល់ជំនួយឥតសំណង ៤.៤ លានដុល្លារ ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤.៤ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការងារលុបបំបាត់គ្រាប់មីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC ) ដោយផ្តោតលើគាំទ្រកិច្ចប្រតិបត្តិការលុបបំបាត់មីននៅក្នុងខេត្តចំនួន ៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជំនួយឥតសំណងចំនួន ៤.៤ លានដុល្លារនេះ គឺស្ថិតនៅក្រោម “គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា” ហើយនឹងអនុវត្តនៅលើរយៈពេល ១២ ខែ (១ មីនា ២០២៥ – ២៨ កុម្ភៈ ២០២៦)។

គម្រោងនេះនឹងគាំទ្រកិច្ចប្រតិបត្តិការនៅ ៧ ខេត្ត រួមមាន កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ព្រមទាំង មណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ អ្នកជំនាញបច្ចេកទេសជាង ៤០០ នាក់ នឹងចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤ រួមមាន៖១. បោសសម្អាតផ្ទៃដី ចំនួនជាង ៣.៤០០ ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។២. ស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។៣. ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ។ និង៤. ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។

សូមរម្លឹកដែរថា ជំនួយនេះ គឺជាឆ្នាំទី ៣ នៃដំណាក់កាលទី ៣ (មីនា ២០២៣ – កុម្ភៈ ២០២៦) ដែលមានថវិកាសរុបចំនួន ១៣.២ លានដុល្លារ។រដ្ឋាភិបាលចិនបន្តជួយកម្ពុជាក្នុងវិស័យនេះ គឺក្នុងគោលដៅដើម្បីលុបបំបាត់គ្រាប់មីន និងអភិវឌ្ឍសង្គមជឿនលឿនជាងមុន។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១៨ ដល់ ២០២៤ កន្លងទៅ អង្គភាព CMAC ការងារលុបបំបាត់មីននៅកម្ពុជា បានសម្រេចលទ្ធផលដូចជា៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់ ,ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់, ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់៕ អត្ថបទ៖ ហ្សាលីន