លោក ឃឹម ហ្វីណង់ ស្នើសុំកិច្ចសហការពីធនាគារជាតិ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពផ្តល់ឥណទានបន្ថែមដល់សហគមន៍កសិកម្មទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប  លោក ឃឹម​ ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល  និងផ្តល់ការអនុគ្រោះបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើសុំកិច្ចសហការរបស់លោកធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក ឃឹម ហ្វីណង់ ជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ឥណទានកសិកម្ម” កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូប។

បើតាមធនាគារជាតិបានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់  “សហគមន៍កសិកម្មទំនើប” ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។ ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប  លោកបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល  និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបង្ហាញស្មារតីចូលរួមគាំទ្រ និងជ្រោមជ្រែងគំនិតផ្តួចផ្តើមបង្កើតនិងអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ តាមរយៈការជំរុញលើការរៀបចំកម្មវិធី គោលនយោបាយផ្សេងៗដែលអាចផ្តល់ការអនុគ្រោះបន្ថែមនិងលក្ខខណ្ឌពិសេស លើឥណទានកសិកម្ម។

​ សូមជម្រាបជូនថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹង កាលពីខែមករា ឆ្នាំ២០២៥ថា ក្រសួងកសិកម្មបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតលើមុខដំណាំយុទ្ធសាស្រ្ត​៤ គឺដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។ ក្នុងនោះសហគមន៍៥ បានទទួលប្រាក់កម្ចី៨៥ម៉ឺនដុល្លាររួចមកហើយក្នុងអត្រាការប្រាក់ត្រឹម៧%ក្នុងមួយឆ្នាំ តែប៉ុណ្ណោះ ហើយសហគមន៍ដែលទើបត្រូវបានបង្កើតឡើងទទួលបាននូវការគាំទ្រខ្ពស់ពីក្រសួង និងកំពុងដំណើរការល្អប្រសើរ ជាមួយនឹងចំណាប់អារម្មណ៍ និងមានទំនុកចិត្តកើនឡើងពីប្រជាកសិករ ខណៈដែលក្រសួងកំពុងខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើនទៀត ដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មទំនើប៕