កម្ពុជា-អារ៉ាប៊ីសាអូឌី នឹងរួមគ្នារៀបចំយុទ្ធសាស្រ្ត ដើម្បីជំរុញការនាំចេញផលិតផល និងសេវាកម្មទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីរៀបចំយុទ្ធសាស្រ្ត សំដៅជំរុញការនាំចេញផលិតផល និងសេវាកម្មទ្វេភាគីឱ្យកាន់ខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផល សេវាកម្ម និងការរៀបចំតំបន់ឧស្សាហកម្មសក្តានុពល រវាងប្រទេសទាំងពីរ សំដៅពង្រឹងទំនាក់ទំនង និងឆ្លើយតបផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

សូមរម្លឹកដែរថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ តាមរយៈជំនួបពិភាក្សាខាងលើនេះ ក្រសួងពាណិជ្ជកម្ម រំពឹងថា នឹងជួយទាក់ទាញការវិនិយោគអន្តរជាតិ ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសអន្តរជាតិបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន