ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Captureនៅ ភោជនាហារធ្វើពីត្រីខ្មែរ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://www.oknha.news/wp-content/uploads/2025/02/image-218-1024x682.png)
ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុកនិងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព។
ក្នុងពិធីនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានចូលរួមចម្អិនម្ហូប ដែលធ្វើពីត្រីក្នុងស្រុកផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ធនធានជលផលនៅកម្ពុជាមានច្រើនសម្បូរបែបតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន ដូចមានបង្ហាញតាមរយៈចម្លាក់មច្ឆជាតិនៅលើថែវនៃប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន។ ភាពសម្បូរបែបនេះ ក្រៅពីជួយឱ្យប្រជាជនមានហូប មានន័យថាមានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រសួងក៏បានគិតគូរដល់ការជំរុញជីវភាពប្រជានេសាទនិងវារីវប្បករឱ្យមានបានថែមទៀត ដោយសហការជាមួយអង្គការដៃគូក្នុងការគាំទ្រនិងលើកទឹកចិត្តឱ្យប្រជានេសាទនិងវារីវប្បករចេះប្រើប្រាស់ធនធានជលផលដើម្បីបង្កើនតម្លៃបន្ថែមខ្ពស់ តាមរយៈការកែច្នៃជាម្ហូបប្រណិត ឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិល្អសម្រាប់សុខភាព។»។
![](https://www.oknha.news/wp-content/uploads/2025/02/image-219-1024x682.png)
បង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នារវាងធនធានជលផលនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។
កម្មវិធីនេះ ក៏បានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សានិងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់និងផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយនិងជំរុញឲ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។ វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ៧៦%ទទួលបានមកពីត្រីបន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស៕
![](https://www.oknha.news/wp-content/uploads/2025/02/image-220-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-221-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-222-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-223-1024x682.png)