កម្ពុជា និងតួកគី បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរតួកគីដែលត្រូវការទៅមកប្រទេសទាំងពីរ។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Suayb Ozhan Turkish Airlines General Manager of Thailand, Cambodia Laos, Myanmar និងសហការី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ជូមជម្រាបថា កាលពីចុងឆ្នាំ២០២៤កន្លងទៅ កម្ពុជា-តួកគី ក៏បានបញ្ជាក់ពីការជំរុញឱ្យមានជើងហោះហើរត្រង់ ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពិសេសការហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នាឱ្យបានទូលំទូលាយ ព្រមទាំងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ដលតួកគីឱ្យបានកាន់តែទូលំទូលាយផងដែរ។
លើសពីនេះ កម្ពុជា-តួកគី ក៏បានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគនាពេលអនាគតរួមគ្នា រួមមានក្នុងវិស័យកសិឧស្សាហកម្ម អប់រំ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍ជាដើម៕

