លោក Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញការឯកភាពលើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូនជាមួយកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

លោកលើកឡើងបែបនេះ នៅក្នុងជំនួបរវាងលោក ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងចន្ទន៍។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាការជំរុញផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត គឺបានរួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ចជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញថាមពលអាស៊ាន។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តីឡាវ បានឯកភាពមតិសម្តេចតេជោ លើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ ខណៈលោកបានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីប្រទេសទាំងពីរ ក៏បានប្តេជ្ញារួមគ្នាបន្តជំរុញបន្ថែមលើគ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពលូតលាស់បន្ថែមទៀត ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាងផងដែរ៕ អត្ថបទ៖ ហ្សាលីន
