នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមហាវិថីសម្តេចតេជោហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណៈក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបារពុះចែកទ្រូងផ្លូវ ជាមួយការគូសគំនូស ដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងៗទៀត។


សូមបញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវ៦០ម៉ែត្រនេះ បានចែកចេញជា២ ប្រភេទ ១,របាំងដែកទ្រូងផ្លូវ នឹងត្រូវដំឡើងចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថី ហ៊ុន នាង ដែលកំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ២, របាំងបេតុងទ្រូងផ្លូវ នឹងត្រូវដំឡើងចាប់ពីមហាវិថី ហ៊ុន នាង រហូតដល់ផ្លូវជាតិលេខ ២ ដែលជាកំណាត់ផ្លូវ កំណត់ល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមជម្រាបបន្ថែមថា ការដាក់របាំងពុះចែកទ្រូងផ្លូវ ធ្វើឡើងតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនការត្រួតពិនិត្យការបើកបរដោយមានជាតិស្រវឹងឡើងវិញផងដែរ៕



