តាកែវ៖នៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធបានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោងគ្រោងរៀបចំសាងសង់ប្រាសាទមួយស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។
ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ហើយការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។
បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថាក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្តក៏នឹងរៀបចំផ្លូវក្រវ៉ាត់បឹងតាកែវមួយទៀតរួមជាមួយ សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ កន្លែងជិះកង់កម្សាន្ត សម្រាកលំហែរក្រោយទំនេរពីការងារផ្សេងៗ ។
ឯកឧត្តមអភិបាលខេត្តតាកែវជឿជាក់ថាក្រោយសាងសង់គម្រោងទាំងអស់នេះរួចក្រុងដូនកែវដែលជាបេះដូងនៃខេត្តតាកែវនឹងប្រែមុខមាត់ថ្មីក្រោមដំបូលនៃសុខសន្ដិភាពនឹងទាក់ទាញបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទេសចរណ៍ជាតិ អន្តរជាតិ និងមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់៕