ក្រុមហ៊ុន Excellent Associates Group ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យសំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី របស់ហ្វីលីពីន ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមាន ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗផងដែរ។
![](https://www.oknha.news/wp-content/uploads/2025/02/image-300-1024x682.png)
ការបង្ហាញចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនខាងលើក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបសម្តេចធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមាន ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។
ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម៕
![](https://www.oknha.news/wp-content/uploads/2025/02/image-301-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-302-682x1024.png)