រដ្ឋាភិបាល និងវិស័យឯកជន ពិភាក្សារកធាតុចូលជំរុញការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផាន់ ផល្លា និង លោក ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត បានអញ្ជើញចូលរួមក្នុងវេទិកា។ វេទិកានេះ មានគោលបំណងចែករំលែក និងទទួលយកធាតុចូលនានាពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើឱ្យការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកាន់តែល្អប្រសើរ និងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៥។

បទបង្ហាញជាច្រើនបានត្រូវលើកយកមកចែករំលែក ទាក់ទងនឹង“ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥” ដែលបង្ហាញដោយលោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបទបង្ហាញស្តីពី “ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥” ដោយលោក ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៥ ជំពូក និង១៤ មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រង់ទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយប្រកាន់យកជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវន្តនូវសេចក្តីត្រូវការ ក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងការទន្ទឹងរង់ចាំនិងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល៕