ក្រុមហ៊ុន World Citi Group ចង់វិនិយោគលើអាជីវកម្មក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពីចំណាប់ចង់ពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប ប្រធានក្រុមហ៊ុន World Citi Group បានលើកឡើងថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល ខណៈលោកក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល​ នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។

ក្នុងន័យនេះ លោកថា ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា​ គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ហើយជឿថា​ តាមរយ:ការគាំទ្ររបស់សម្ដេចបវរធិបតី​ និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ ​នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា ខណៈសម្តេចបានគូសបញ្ជាក់អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំពោះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។

តាមរយៈជំនួបនេះដែរ ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកំណត់គុណភាព​ និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយនឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលនេះ៕ អត្ថបទ៖ ហ្សាលីន